ក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្ដែងក្តីរន្ធត់យ៉ាងក្រៃលែងចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ចំនួន២ករណីដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យកម្មករនិយោជិតចំនួន១៣នាក់បានស្លាប់ និងជាង៣០នាក់បានរងរបួសធ្ងន់ និងស្រាល។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ដោយរថយន្តដឹកទំនិញធន់ធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ ដែលបណ្តាលឱ្យកម្មករ៨នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈដែលបងប្អូនផ្សេងៗទៀតមានរបួសស្រាល។ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបណ្តាលឱ្យកម្មករចំនួន៥រូបបានស្លាប់ របួសធ្ងន់៥រូប និងរបួសស្រាល១៦រូប។

លោក ស៊ុន មេសា បញ្ជាក់ថា “ក្រសួង និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់មានក្តីរន្ធត់ និងក្រៀមក្រំបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមានសមត្ថកិច្ច ដែលនៅកៀកកន្លែងកើតហេតុ បានខិតខំជួយសង្រ្គោះ និងចាត់ចែងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរ និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យកាលើមែត្រ”។

លោក ស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទួចឱ្យមានការគោរច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិតរបស់យើង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ។

ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ បងប្អូនដែលជួបគ្រោះថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ស្របទៅតាមច្បាប់របស់បេឡាជាតិសន្តិសុខសង្គមដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសាដដែល៕

#ក្រសួងការងារ #កម្មកររោងចក្រ #គ្រោះថ្នាក់ចរាចរណ៍

Leave a Reply

Your email address will not be published. Required fields are marked *