ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ ពន្លឿនការដាក់ចេញវិធានការបច្ចេកទេស និងវិធានការអប់រំស៊ីជម្រៅ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសីលធម៌សង្គម។ការណែនាំនេះ ផ្តោតជាពិសេសលើការគ្រប់គ្រងអ្នកផលិតមាតិកាអនាធិបតេយ្យនៅលើបណ្ដាញសង្គម ដែលត្រូកំពុងបង្កផលប៉ះពាល់ដល់តម្លៃសង្គម និងសាធារណជន។

ការណែនាំនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ នាកិច្ចប្រជុំនោះ បានពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងកំណែទម្រង់សេដ្ឋកិច្ច ការអភិវឌ្ឍជាតិ និងបញ្ហាសង្គម។
សម្តេចធិបតីបានសង្កត់ធ្ងន់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលថា ការរីករាលដាលនៃមាតិកាអនាធិបតេយ្យ និងមាតិកាដែលប៉ះពាល់ដល់តម្លៃសីលធម៌ កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់សង្គម ជាពិសេសក្នុងចំណោមយុវជនដែលប្រើប្រាស់បណ្ដាញសង្គមជាប្រចាំ។ ដូច្នេះ ក្រសួងពាក់ព័ន្ធ ត្រូវបង្កើនទាំងវិធានការអប់រំ ការផ្សព្វផ្សាយ និងវិធានការបច្ចេកទេស ដើម្បីគ្រប់គ្រង និងទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។
សម្តេចធិបតី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការ និងរាយការណ៍អំពីមាតិកាដែលបង្កផលប៉ះពាល់ដល់សង្គម ដើម្បីជួយអាជ្ញាធរគ្រប់គ្រងបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រៅពីបញ្ហាមាតិកាលើបណ្ដាញសង្គម សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តរឹតបន្តឹងការបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ រួមមានគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ សម្ដេចចាត់ទុកបញ្ហាទាំងនេះ ជាផលប៉ះពាល់ដោយផ្ទាល់ដល់សណ្តាប់ធ្នាប់សង្គម និងមុខមាត់របស់ប្រទេស។
ជាមួយគ្នានេះសម្តេចធិបតី បានផ្ញើសារម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តបង្ក្រាបបណ្ដាញ Online Scams ឱ្យបានដាច់ខាត និងមិនត្រូវបន្ធូរដៃឡើយ ព្រោះបញ្ហានេះត្រូវបានចាត់ទុកថា ជាបញ្ហាដែលប៉ះពាល់ដល់កិត្តិយស និងទំនុកចិត្តលើកម្ពុជានៅលើឆាកអន្តរជាតិ៕