
លោក កឹម សុខា បានទទួលការលើកលែងទោស ពីប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ព្រះរាជក្រឹត្យលើកលែងទោស ចំពោះទោសដែលតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ប៉ុន្តែនៅតែរក្សាការមិនអនុញ្ញាតឱ្យចេញពីក្រៅប្រទេសរយៈពេល៥ឆ្នាំដដែល។«លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់ សាលាឧទ្ធរណ៍ភ្នំពេញ។»។ នេះបើតាមខ្លឹមសារនៃព្រះរាជក្រឹត្យ ដែលបន្ថែមទៀតថា ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំ ខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។ បណ្តឹងប្រឆាំងសាលក្រមនេះ របស់លោក កឹម សុខា ឡើងដល់ឧទ្ធរណ៍។ ក្រោយតុលាការជាន់ខ្ពស់ បើកបើកសវនាការលើសំណុំរឿងនេះជាច្រើនតាំងពីឆ្នាំ២០២៤មក ឧទ្ធរណ៍ មិនត្រឹមតែតម្កល់សាលក្រមសាលាដំបូងទុកជាបានការនោះទេ ហើយហាមឃាត់លោក កឹម សុខា មិនឱ្យចេញពីប្រទេស ៥ឆ្នាំថែមទៀត៕