
កិច្ចសម្រុះសម្រួលនេះ មាន ១៣មាត្រា ត្រូវបានរៀបចំឡើងដើម្បីបង្កើតឱ្យមានអភិក្រមរួមមួយសម្រាប់ក្រុមការងារអាស៊ាន និងគណៈកម្មការចម្រុះអាស៊ាន នៅក្រោមគណៈកម្មការពិគ្រោះយោបល់អាស៊ានផ្នែកស្តង់ដានិងគុណភាពប្រើប្រាស់ជាគោលការណ៍ និងជាបន្ទាត់សម្រាប់រៀបចំសុខដុមនីយកម្មស្តង់ដាអាស៊ាន សុខដុមនីយកម្មបទប្បញ្ញត្តិបច្ចេកទេស និងការរៀបចំនីតិវិធីនៃការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃនីតិវិធីវាយតម្លៃភាពអនុលោមរបស់រដ្ឋសមាជិកនីមួយៗ។
កិច្ចសម្រុះសម្រួលនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងបណ្តាសមាជិកអាស៊ាន រួមមាន ១). ផ្តល់ជាមូលដ្ឋានសម្រាប់ពង្រឹងនិងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយសេរីនូវផលិតផលនៅក្នុងទីផ្សារអាស៊ាន ២). ពង្រឹងដល់សមត្ថភាពរបស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពអធិការកិច្ចរបស់កម្ពុជា ឱ្យបំពេញស្របតាមគោលការណ៍នៃកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានតាមផ្នែកសម្រាប់សម្ភារៈអគារនិងសំណង់ ៣). កាត់បន្ថយការខាតបង់ធនធានរបស់វិស័យឯកជនទៅលើការធ្វើសេវាកម្មផ្តល់វិញ្ញាបនបត្រ តេស្ត និងអធិការកិច្ចឡើងវិញសម្រាប់សម្ភារៈអគារនិងសំណង់ និង ៤). ជំរុញឱ្យការធ្វើពាណិជ្ជកម្មសម្ភារៈអគារនិងសំណង់នៅក្នុងទីផ្សារអាស៊ានប្រកបដោយសមធម៌ និងលើកកម្ពស់ភាពប្រកួតប្រជែងដោយសុចរិតនៅកម្ពុជា៕