លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា៖ “ដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ ទើបឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ “ត្រីខកំប៉ុង អន្ទង់ខកំប៉ុង”នេះឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០%។
ទោះបីជាការផលិតនាពេលបច្ចុប្បន្នសម្រាប់តែផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសឹក និងមិនទាន់មានលក់នៅលើទីផ្សារក៏ដោយ តែផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍ត្រឹមត្រូវតាមស្តង់ដារួចរាល់ហើយ។ នេះគឺជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្ម ដែលធ្វើឱ្យយើងកំពុងខិតទៅជិតការផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលនាពេលអនាគតយ៉ាងពិតប្រាកដ៕
